សិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារគោល (Blueprint) ស្ដីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ
នាព្រឹកថ្ងៃ ព្រហស្បត្តិ៍ ៩រោច ខែ កត្ដិក ឆ្នាំ ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅសណ្ឋាគារ និងរមណីយដ្ឋានឆ្នេរសុខា ខេត្តព្រះសីហនុ ឯកឧត្ដម ងី តាយី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ ក.ច.ម.ព ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយឯកឧត្ដម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានអញ្ជើញជាគណៈអធិបតីភាព ចូលរួមបើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្ដីព្រាងឯកសារគោល (Blueprint) ស្ដីពីការកែទម្រង់ប្រព័ន្ធចំណូលមិនមែនសារពើពន្ធ។ ក្នុងសិក្ខាសាលានេះ មានការចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គភាពនីតិបុគ្គលសាធារណៈ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូរអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ដើម្បីឱ្យសេចក្តីព្រាងឯកសារ Blueprint ប្រកបដោយភាពគ្រប់ជ្រុងជ្រោង និងមានប្រសិទ្ធភាពខ្ពស់ក្នុងការដាក់ឱ្យអនុវត្ត ដែលនឹងក្លាយជាឯកសារគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់ពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។ អង្គសិក្ខាសាលាពិគ្រោះយោបល់នេះ មានសិក្ខាកាមចូលរួមប្រមាណ ៤៥០ នាក់។