សិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ
នាព្រឹក ថ្ងៃព្រហស្បត្តិ៍ ៥រោច ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ឯកឧត្ដមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រិ និងជារដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយឯកឧត្ដម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានអញ្ជើញជាគណៈអធិបតីភាព ចូលរួមបើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ តាមរយៈ អនឡាញ (ZOOM) ដែលបានរៀបចំឡើងដោយអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ការរៀបចំសិក្ខាសាលានេះគឺក្នុងគោលបំណងពិគ្រោះពិភាក្សាជាមួយតំណាងក្រសួង ស្ថាប័ន សហគ្រាសសាធារណៈគ្រឹះស្ថានសាធារណៈរដ្ឋបាល រដ្ឋបាលរាជធានីខេត្ត និងមន្ទីរសេដ្ឋកិច្ច និងហិរញវត្ថុ ដើម្បីប្រមូលធាតុចូលបន្ថែមសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ ប្រសិទ្ធភាព ស័ក្តសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងគោលដៅសម្រេចឱ្យបាននូវការរៀបចំប្រកបដោយជោគជ័យ ស្របតាមផែនការ ដែលបានកំណត់ក្នុងយុទ្ធសាស្រ្តកៀរគរចំណូល២០១៩-២០២៣ របស់រាជរដ្ឋាភិបាល។ អង្គសិក្ខាសាលាពិគ្រោះយោបល់នេះ មានសិក្ខាកាមចូលរួមប្រមាណ ៤២០ នាក់ ។