កិច្ចប្រជុំក្រុមការងារសិក្សា និងរៀបចំឯកសារគោល (Blueprint) ស្ដីពីការកែទម្រង់ប្រព័ន្ធចំណូលមិនមែនសារពើពន្ធ
នាព្រឹកថ្ងៃពុធ ១១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានចូលរួមកិច្ចប្រជុំក្រុមការងារសិក្សា និងរៀបចំឯកសារគោល (Blueprint) ស្ដីពីការកែទម្រង់ប្រព័ន្ធចំណូលមិនមែនសារពើពន្ធ “ក.ច.ម.ព” តាមរយៈកម្មវិធី (Zoom)។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្ដម ងី តាយី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ “ក.ច.ម.ព” ដោយមានការចូលរួមពី អនុប្រធាន សមាជិក និងសមាជិកា នៃក្រុមការងារ “ក.ច.ម.ព” និងជំនាញការនៃធនាគារពិភពលោក World Bank ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផលបឋមនៃបេសកកម្មការងារសម្រាប់ការសិក្សា និងការរៀបចំឯកសារគោល (Blueprint) ស្ដីពីការកែទម្រង់ប្រព័ន្ធចំណូលមិនមែនសារពើពន្ធ និងពិភាក្សាឆ្លងសេចក្ដីព្រាងមាតិកានៃឯកសារគោលនេះ។