វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) ជូនមន្ត្រីបង្គោលរតនាគាររាជធានី ខេត្ត និងមន្រ្តីបង្គោលនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីខេត្ត
នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែ ស្រាពណ៍ ឆ្នាំ ថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០២៣ នៅឯសណ្ឋាគារអេមព្រីសអង្គរ រីសត និងស៉្បា ខេត្តសៀមរាប ឯកឧត្ដម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងជាអនុប្រធានក្រុមការងារបច្ចេកទេសដើម្បីសម្រួលនីតិវិធីកត់ត្រាចំណូលមិនមែនសារពើពន្ធ (ក.ម.ព) អមដោយអនុក្រុមការងារបច្ចេកទេសរៀបចំវគ្គបណ្ដុះបណ្ដាល បានអញ្ជើញចូលរួមជាគណៈអធិបតីថ្លែងសុន្ទរកថាបើកកម្មវិធី«វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) ជូនមន្ត្រីបង្គោលរតនាគាររាជធានី ខេត្ត និងមន្រ្តីបង្គោលនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានី ខេត្ត» ដែលមានរយៈពេល ២ថ្ងៃ (ថ្ងៃទី១៧ និងទី១៨ ខែ សីហា ឆ្នាំ ២០២៣)។ ក្នុងវគ្គបណ្ដុះបណ្ដាលនេះ បានសហការរៀបចំឡើងដោយអនុក្រុមការងារបច្ចេកទេសដើម្បីសម្រួលនីតិវិធីកត់ត្រាចំណូលមិនមែនសារពើពន្ធ (ក.ម.ព) ដោយមានសិក្ខាកាមចូលរួមចំនួនប្រមាណ ១៧០ នាក់ (ចូលរួមវគ្គបណ្ដុះបណ្ដាលផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ Zoom)។