កិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ
នាព្រឹកថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំអគារ «ឃ» នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ អមដោយមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំពីចម្ងាយតាមរយៈប្រព័ន្ធអនឡាញ(Zoom) ដែលដឹកនាំដោយ ឯកឧត្ដម សួង ម៉េងគា និង ឯកឧត្ដម ហ៊ែល ចំរើន រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានក្រុមការងាររៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម សុក ផេង រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្ដីការគណៈរដ្ឋមន្ត្រី និងសហការី ព្រមទាំងតំណាងគណៈកម្មការភាសាវិទ្យាខ្មែរ ដើម្បីពិនិត្យពិភាក្សាជាចុងក្រោយលើចំណុច ដែលនៅសេសសល់ជាយថាហេតុពាក់ព័ន្ធនឹងទម្រង់ អក្ខរាវិរុទ្ធ និងឃ្លាឃ្លោង នៃសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។