សិក្ខាសាលាពិគ្រោះយោបល់លើផែនការគោល (Blueprint) ស្ដីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
នាព្រឹកថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នៅនៅឯសណ្ឋាគារ និងរមណីដ្ឋានឆ្នេរសុខា ខេត្ព្រះសីហនុ ឯកឧត្ដម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងថ្នាក់ដឹកនាំ អមដោយក្រុមការងារបច្ចេកទេសរៀបចំសិក្ខាសលា បានអញ្ជើញចូលរួមជាគណៈអធិបតីថ្លែងសុន្ទរកថាបើកកម្មវិធី «សិក្ខាសាលាពិគ្រោះយោបល់លើផែនការគោល (Blueprint) ស្ដីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ» ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានចូលរួមសម្របសម្រួលក្នុងវេទិកាសំណួរ-ចម្លើយ និងកម្មវិធីបិទសិក្ខាសាលាពិគ្រោះយោបល់លើផែនការគោល (Blueprint) ស្ដីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។ សិក្ខាសាលាពិគ្រោះយោបល់នេះមាន សិក្ខាកាមចំនួន ៤០០ នាក់ ដោយមានការចូលរួមពីតំណាង អគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួង-ស្ថាប័នពាក់ព័ន្ធ, រដ្ឋបាលរាជធានី-ខេត្ត, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត, សហគ្រាសសាធារណៈ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ក្នុងគោលបំណងពិគ្រោះយោបល់ និងប្រមូលធាតុចូលបន្ថែម ដើម្បីពិនិត្យកែសម្រួលសេចក្ដីព្រាងផែនការគោលឱ្យបានគ្រប់ជ្រុងជ្រោយ សុក្រឹតភាព និងប្រសិទ្ធភាពខ្ពស់។