កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២១ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក២
នាព្រឹកថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំរបស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២១ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ (Video Conference)។
របៀបវារៈមានដូចតទៅ៖
១.បទបង្ហាញស្ដីពីរបាយការណ៍ត្រួតពិនិត្យ និងវាយតម្លៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី៤ និងឆ្នាំ២០២១
២.បទបង្ហាញស្ដីពីសេចក្ដីព្រាងផែនការសកម្មភាពរួមដំណាក់កាលទី៤ (CAP4) និងវិធានការគន្លឹះជំរុញល្បឿនការងារកែទម្រង់ (Reform triggers) ឆ្នាំ២០២២-២០២៣
៣.បទបង្ហាញស្ដីពីផែនការសកម្មភាពសម្រាប់អនុវត្តយុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥
៤.បទបង្ហាញស្ដីពីផែនការសកម្មភាពសម្រាប់អនុវត្តយុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០១៩-២០២៥
៥.បទបង្ហាញស្ដីពីផែនការសកម្មភាពសម្រាប់អនុវត្តយុទ្ធសាស្ត្រស្ដីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈឆ្នាំ២០១៩-២០២៥៕