សិក្ខាសាលាពិគ្រោះយោបល់ លេីសេចក្ដីព្រាងយុទ្ធសាស្រ្តស្ដីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ
នាថ្ងៃសុក្រ ២ កើត ខែ មិគសិរ ឆ្នាំ ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅឯសណ្ឋាគារអេមព្រីសអង្គរ រីសត និងស៉្បា ខេត្តសៀមរាប ឯកឧត្ដម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងថ្នាក់ដឹកនាំ អមដោយក្រុមការងារបច្ចេកទេសរៀបចំសិក្ខាសលា បានអញ្ជើញចូលរួមជាគណៈអធិបតីថ្លែងសុន្ទរកថាបើកកម្មវិធី«សិក្ខាសាលាពិគ្រោះយោបល់ លេីសេចក្ដីព្រាងយុទ្ធសាស្រ្តស្ដីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ អង្គសិក្ខាសាលានេះ បានសហការរៀបចំឡើងដោយអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងអគ្គលេខាធិការដ្ឋាននៃ គណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយកម្មវិធីសិក្ខាសាលានេះ មានសិក្ខាកាមចូលរួមចំនួនប្រមាណ ១០០ នាក់ ដែលមានតំណាងក្រសួង-ស្ថាប័នអាណាព្យាបាល, តំណាងអាជ្ញាធរសវនកម្មជាតិ, ថ្នាក់ដឹកនាំតំណាងនិង មន្រ្តីជំនាញពាក់ព័ន្ធនៃសហគ្រាសសាធារណៈទាំងអស់ ព្រមទាំងសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ដែលមានសមាសភាពមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធាន និង សមាជិកក្រុមប្រឹក្សាភិបាលតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ,មន្រ្តីត្រួតពិនិត្យរដ្ឋអមសហគ្រាសសាធារណៈ៕