កិច្ចប្រជុំពិគ្រោះថ្លៃលក់អចលនវត្ថុ (ដីចំការ និងរោងកសិដ្ឋាន) ដែលត្រូវបានរឹបអូសជាទ្រព្យសម្បត្តិរដ្ឋ
នារសៀលថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៣ រសៀល គណៈកម្មការ ការតាមដាន ការប្រមូល ការគ្រប់គ្រង និងការចាត់ចែងទ្រព្យសម្បត្តិ ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដែលដឹកនាំដោយ ឯកឧត្ដមបណ្ឌិត ឈន សុភាព អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មការ និង ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការ បានដឹកនាំកិច្ចប្រជុំពិគ្រោះថ្លៃលក់ជាសាធារណៈនូវ អចលនវត្ថុ (ដីចំការ និងរោងកសិដ្ឋាន) មួយកន្លែងស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលត្រូវបានរឹបអូសជាទ្រព្យសម្បត្តិរដ្ឋ តាមអំណាចសាលដីកាស្ថាពរលេខ ៣៤០ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ របស់តុលាការកំពូល ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ និង មានការចូលរួមពីសមាជិកគណៈកម្មការ និងសមាជិកលេខាធិការដ្ឋាន នៃគណៈកម្មការ។ សូមគូសបញ្ជាក់ផងដែរថា គណៈកម្មការ ការតាមដាន ការប្រមូល ការគ្រប់គ្រង និងការចាត់ចែងទ្រព្យសម្បត្តិ ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន បានធ្វើការប្រមូល និងចាត់ចែងចលនទ្រព្យ និងអចលនទ្រព្យ ដែលត្រូវបានរឹបអូសជាទ្រព្យសម្បត្តិរដ្ឋដើម្បីប្រមូលថវិកាគាំទ្រដល់យុទ្ធនាការប្រយទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល និងជាគុណប្រយោជន៍ដល់ថវិកាជាតិ។