សិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តដែលរៀបចំឡើងដោយ អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធក្នុងឆ្នាំ ២០១៩ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប
នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី នៅខេត្តសៀមរាប មានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិចំនួន០៣ ពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារ ពើពន្ធ ដែលរៀបចំឡើងដោយ អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឈន សុភាព អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលសិក្ខាសាលានេះមានសិក្ខាកាមអញ្ជើញមកពីក្រសួង-ស្ថាប័ន និងសហគ្រាសសាធារណៈ និងគ្រឹះស្ថាន សាធារណៈរដ្ឋបាលពាក់ព័ន្ធចូលរួមចំនួនប្រមាណ ៣០០នាក់។ លិខិតបទដ្ឋាន គតិយុត្តទាំងនោះ មានដូចជា ៖
- ប្រកាសលេខ ៨៣៩ សហវ.ប្រក ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ស្តីពីបែបបទ និងនីតិវិធីនៃ ការបង់ភាគលាភរបស់សហគ្រាសសាធារណៈនិងក្រុមហ៊ុនចម្រុះដែលមានភាគកម្មសាធារណៈជាចំនួនភាគតិច (ទាញយកឯកសារ)
- សារាចររាជរដ្ឋភិបាលលេខ ០៦ សរ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីវិធាននិងលក្ខណៈ វិនិច្ឆ័យនៃការធ្វើប្រទានកម្មទ្រព្យសម្បត្តិរដ្ឋជូនប្រជាពលរដ្ឋ និងមន្រ្តីរាជការ (ទាញយកឯកសារ)
- ប្រកាសអន្តរក្រសួងលេខ ៣៥៦ សហវ ប្រក.ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ស្តីពីការផ្តល់ សេវាសាធារណៈរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ (ទាញយកឯកសារ )
គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយ និងពង្រឹងការអនុវត្តលិខិត បទដ្ឋានគតិយុត្តថ្មីៗ ជូនដល់មន្រ្តីរាជការសាធារណៈពាក់ព័ន្ធ ដើម្បីធានាបានតម្លាភាព គណនេយ្យភាព ស័ក្តសិទ្ធិភាព និងប្រសិទ្ធភាព ក្នុងការអនុវត្ត។
គូសបញ្ជាក់ដែរថា រយះពេល៥ឆ្នាំចុងក្រោយនេះ ក្រោមការអនុវត្តយុទ្ធសាស្រ្តកៀរគរចំណូលរយះពេល មធ្យម ២០១៤-២០១៨ និងកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចំណូលចរន្តសរុបមានការ កើនឡើងពី១៥,១% នៃផសស នៅឆ្នាំ២០១៣ ដល់២២% នៃផសស នៃឆ្នាំ២០១៨ ក្នុងនោះដែរចំណូល មិនមែនសារពើពន្ធបានសម្រេចបានតាមផែនការ ដែលមានចំនួនប្រមាណ ១៥% នៃចំណូលចរន្តសរុបដែល ប្រភពចំណូលសំខាន់ៗរួមមាន៖ ផលពីលិខិតឆ្លងដែននិងទិដ្ឋាការ, ផលពីសកម្មភាពទេសចរណ៍, ផលពី អាកាសចរណ៍ស៊ីវិល ផលទុនពីប្រៃសណីយ៍និងទូរគមនាគមន៍, ផលពីប្រាក់ចំណេញសហគ្រាសសាធារណៈ ផលពីសម្បទានរ៉ែនិងប្រេងកាតជាដើម។ ទន្ទឹមនេះ ការងារគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានជំរុញឱ្យអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋទូទាំងប្រទេសបានរៀបចំស្នើសុំ និងទទួលបានកម្មសិទ្ធ ដែលបច្ចុប្បន្នគិតត្រឹម ឆ្នាំ២០១៩ សម្រាប់ក្រសួង-ស្ថាប័នទាំង៣៦ សម្រេច៤៦% ,មន្ទីរអង្គភាពជំនាញ (ថ្នាក់មូលដ្ឋាន) ទាំ២៥សម្រេចបាន ៣៤,៤០%, រដ្ឋបាលរាជធានីខេត្តទាំង២៥ សម្រេចបាន៥៩%, រដ្ឋបាលក្រុង ស្រុក ខណ្ឌ នៃរាជធានី ខេត្តទាំង២៥សម្រេចបាន៣៩% និងរដ្ឋបាលឃុំ សង្កាត់សម្រេចបាន ៦០%។ ក្នុងគោលបំណងពង្រឹងយន្តការ នៃការប្រមូលចំណូលមិនមែនសារពើពន្ធ និងការគ្រប់គ្រងទ្រព្យសម្បត្តិ រដ្ឋស្របតាមទិសដៅដែលរដ្ឋាភិបាលបានកំណត់ក្នុងឯកសារយុទ្ធសាស្រ្តនានា និងស្របតាមដំណើរវិវត្តន៍នៃ ឧស្សាហកម្មជំនាន់ទី៥ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និងហិរញ្ញវត្ថុ បានធ្វើទំនើបកម្មការប្រមូលចំណូលមិនមែន សាពើពន្ធ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ព្រមទាំងរៀបបង្កើតលិខិតបទដ្ឋាន គតិយុត្តថ្មីនិងធ្វើសោធនកម្មលិខិតបទដ្ឋានគតិយុត្តដែលនៅជាធរមាន។
មុននឹងបញ្ចប់ឯកឧត្តមបណ្ឌិត ឈន សុភាព អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រសាសន៍ផ្តាំផ្ញើ ជូនដល់សិក្ខាកាមដែលបានចូលរួមក្នុងអង្គសិក្ខាសាលានាថ្ងៃនេះ ក្នុងការសហការផ្សព្វផ្សាយនូវពុទ្ធិ និងពង្រឹងការអនុវត្តលិខិតបទដ្ឋានថ្មីៗ ព្រមទាំងសំណូមពរដល់អាជ្ញាធរកាន់កាប់ ទ្រព្យសម្បត្តិរដ្ឋទាំងអស់ជួយពន្លឿនកិច្ចការចុះបញ្ជីសារពើភណ្ឌ ក៏ដូចជាការស្នើសុំប័ណ្ណកម្មសិទ្ធ ជាពិសេសការ ធ្វើប្រទានកម្មទ្រព្យសម្បត្តិរដ្ឋជូនប្រជាពលរដ្ឋ និងមន្រ្តីរាជការឱ្យទាន់ពេលវេលាស្របតាមលិខិតបទដ្ឋានគតិយុត្ត ដែលប្រកាសផ្សព្វផ្សាយនាពេលនេះ។