សិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងផែនការសកម្មភាព ផ្នែកចំណូលមិនមែនសារពើពន្ធ សម្រាប់ការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣
នាព្រឹកថ្ងៃពុធ ១២ កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅសណ្ឋាគារសាន់វ៉េភ្នំពេញ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានអញ្ជើញចូលរូមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងផែនការសកម្មភាព ផ្នែកចំណូលមិនមែនសារពើពន្ធ សម្រាប់ការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ ដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលសិក្ខាសាលានេះមានការអញ្ជើញចូលរួមមកពីតំណាងក្រសួង-ស្ថាប័នចំនួន ១១។
ផែនការសកម្មភាព នៃការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ (ទាំងផ្នែកសារពើពន្ធ និងផ្នែកមិនមែនសារពើពន្ធ) គ្រោងនឹងប្រកាសឱ្យប្រើប្រាស់នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេសគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM-TWG) ក្នុងត្រីមាសទី១ ឆ្នាំ២០២០ ខាងមុខ៕