សិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ
នាព្រឹកថ្ងៃសុក្រ ១៥រោច ខែ ពិសាខ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ អមដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ បានអញ្ញើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធជូនដល់ក្រសួង ស្ថាប័ន សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតិភាព ឯកឧត្ដមបណ្ឌិត ងី តាយី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ អង្គសិក្ខាសាលានេះ បានសហការរៀបចំឡើងដោយ អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងអគ្គលេខាធិការដ្ឋាននៃ គណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយកម្មវិធីសិក្ខាសាលានេះ មានសិក្ខាកាមចូលរួមចំនួនប្រមាណ ៥០០ នាក់ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ការយល់ដឹង និងពង្រឹងប្រសិទ្ធភាព នៃការអនុវត្តការងារពាក់ព័ន្ធការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុក។