វគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ជូនរដ្ឋបាលក្រុង ស្រុក ខណ្ឌ សម្រាប់ដំណាក់កាលទី២ ជំហានទី២
នាព្រឹកថ្ងៃពុធ ២កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងទី២៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមការងារ បានអញ្ជើញចូលរួម និងរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) ជូនរដ្ឋបាលក្រុង ស្រុក ខណ្ឌ សម្រាប់ដំណាក់កាលទី២ ជំហានទី២ តាមរយៈប្រព័ន្ធអនឡាញ (zoom) ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ក្នុងវគ្គបណ្ដុះបណ្ដាលនេះ មានការចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងមហាផ្ទៃ តំណាងគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) តំណាងអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈ កម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តំណាងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីជំនាញរដ្ឋបាល ក្រុង ស្រុក ខណ្ឌ តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងរតនាគាររាជធានី ខេត្ត និងតំណាងធនាគារជាតិនៃកម្ពុជា ធនាគារអេស៊ីលីដា ភីអិលស៊ី និងធនាគារកាណាឌីយ៉ា ដែលមានសិក្ខាកាមចូលរួមប្រមាណ ៤៥៧ នាក់ ក្នុងរយៈពេល ៣ថ្ងៃ (ថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២២) ។