កិច្ចប្រជុំពិនិត្យ និងពិភាក្សាសេចក្ដីព្រាងច្បាប់ចំនួន៧ នៅសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦
នាព្រឹកថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានអញ្ជើញអមឯកឧត្ដមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួមកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាសេចក្ដីព្រាងច្បាប់ចំនួន ៧ នៅសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ លើសេចក្ដីព្រាងច្បាប់មានដូចតទៅ៖
ក-សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តបទប្បញ្ញត្តិនៃអនុសញ្ញាសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រងនិងការអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្ដុកត្រីផ្លាស់ទីឆ្ងាយ។
ខ- សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ចំនួន ៦ :
១-ក្រុមហ៊ុន ហ្គ្រីន សឺស្ពែនណេប៊ល វេនឈ័រ (ខេមបូឌា) ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយ៍ផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អនុភាព ២០ មេហ្គាវ៉ាត់ នៅខេត្តស្វាយរៀង
២-ក្រុមហ៊ុន ធីអេសប៊ីភី សេកុង ផៅវ័រ អ៊ែន មីនើរ៉ល ខមភេនី លីមីធីត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
៣-ក្រុមហ៊ុន រ៉ាយ ផៅវ័រ សឹបផ្លាយ ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយ៍ផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អនុភាព ៣០ មេហ្គាវ៉ាត់ នៅខេត្តបន្ទាយមានជ័យ
៤-ក្រុមហ៊ុន សេកុង សឺមម័ល ផៅវ័រ ខមភេនី លីមីធីត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
៥-ក្រុមហ៊ុន រ៉ាយសិន អេនើជី (ខេមបូឌា) បាត់ដំបង ឯ. កសម្រាប់គម្រោងសាងសង់ស្ថានីយ៍ផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អនុភាព ៦០ មេហ្គាវ៉ាត់ នៅខេត្តបាត់ដំបង
៦-ក្រុមហ៊ុន ស្នេថេក អ៊ីនហ្វីនីត ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយ៍ផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អនុភាព ៣០ មេហ្គាវ៉ាត់ នៅខេត្តពោធិ៍សាត់។